បន្ទាប់គេសារព័ត៌មាន FourFourTwo របស់ប្រទេសថៃចុះផ្សាយបទសម្ភាសន៍ពិសេសជាមួយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា អ្នកគាំទ្រកីឡាបាល់ទាត់ថៃជាច្រើនបានចូលបញ្ចេញទស្សនៈរបស់ពួកគេថា វឌ្ឍនាកា ល្អជាង Nguyen Cong Phuong ដែលមានរហស្សនាម “Messi វៀតណាម” និងកំពុងប្រកបអាជីពនៅលីគជប៉ុន។
ពួកគេនិយាយថា ខ្សែប្រយុទ្ធរបស់ក្លិបបឹងកេតអង្គរវ័យ២១ឆ្នាំរូបនេះជាកីឡាករមានទេពកោសល្យខ្ពស់ពិតប្រាកដនិងបានបង្ហាញសមត្ថភាពលើទីលានរួចមកហើយ ហើយពួកគេថែមទាំងស្នើឱ្យក្លិបមួយចំនួនក្នុងលីគកំពូលថៃ Thai Premier League ទិញម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជារដូវកាល២០១៥ទៅរួមក្រុមដែលពួកគេស្រលាញ់ផងដែរ។ ជាក់ស្ដែង អ្នកគាំទ្រខ្លះសរសេរថា វឌ្ឍនាកា គួរទៅលេងឱ្យ Sisaket (អតីតខេត្តគោកខណ្ឌរបស់កម្ពុជា)ពីព្រោះជាខេត្តជាប់ព្រំដែនកម្ពុជានិងមានវប្បធម៌ដូចគ្នាងាយស្រួលរស់នៅ។ ខ្លះទៀតថាម្ចាស់ពានរង្វាន់កីឡាករឆ្នើមជាងគេរបស់កម្ពុជាឆ្នាំ២០១៥ អាចចូលលេងឱ្យ Buriram United ដែលនិយាយភាសាខ្មែរបាន ឬក៏គួរចូលក្លិបនេះក្លិបនោះតាមការគាំទ្ររបស់ពួកគេរៀងៗខ្លួន។
គួរឱ្យដឹងថា ខ្សែប្រយុទ្ធជម្រើសជាតិវៀតណាម Nguyen Cong Phuong វ័យ២០ឆ្នាំគឺជាកីឡាករវ័យក្មេងលេចធ្លោរបស់វៀតណាម។ កីឡាករកម្ពស់១.៦៨ម៉ែត្ររូបនេះកំពុងលេងឱ្យក្លិប Mito HollyHock នៃលីគទី២ជប៉ុន J-League 2 ក្រោមកិច្ចសន្យាខ្ចីជើងពីក្លិបដើម Hoang Anh Gai Lai។ Nguyen Cong Phuong ត្រូវបានអ្នកគាំទ្រនិងសារព័ត៌មានវៀតណាមដាក់រហស្សនាមថា “Messi វៀតណាម” ដោយសារមានមាឌនិងស្ទីលលេងដូច Lionel Messi របស់ Barcelona។
កីឡាករដែលដុះដាលចេញពីថ្នាលយុវជន HAGL-Arsenal JMG Academy រូបនេះផ្ដើមចូលលេងឈុតធំឱ្យក្លិបអតីតជើងឯកលីគកំពូលវៀតណាម២សម័យ Hoang Anh Gai Lai នៅដើមឆ្នាំ២០១៥នេះ។ សមត្ថភាពរបស់ Cong Phuong បានទាក់ទាញចំណាប់អារម្មណ៍ក្លិប Mito HollyHock ឱ្យចំណាយលុយ១សែនដុល្លារដល់ក្លិប Hoang Anh Gai Lai ដើម្បីខ្ចីជើងយកទៅលេង J-League 2 សម្រាប់រដូវកាល២០១៦។ ម្ចាស់ពានរង្វាន់គ្រាប់បាល់ស្អាតជាងគេប្រចាំ SEA Games 2015 រូបនេះ រកគ្រាប់បាល់បាន៥គ្រាប់ពីការចូលលេង២៥ប្រកួតឱ្យ Hoang Anh Gai Lai នៅ V-League1 រដូវកាល២០១៥៕
ប្រភព:keiladaily.com

