រាជធានីភ្នំពេញ៖ បន្ទាប់ពីសមត្ថកិច្ចខណ្ឌសែនសុខ ដែលដឹកនាំដោយលោកម៉ក់ ហុង អធិការខណ្ឌ បានធ្វើការត្រួតពិនិត្យលើសាកសពជនរងគ្រោះអស់រយៈជាច្រើនម៉ោង ក្នុងថ្ងៃទី១១ ធ្នូ ២០១៥ នេះ ដែលស្លាប់ដោយសារប៊ិចកែច្នៃផ្ទុះនោះ ត្រូវបានកំណត់ថា គ្រាប់កាំភ្លើងដែលបៀមជាប់ជនរងគ្រោះដែលស្លាប់ គឺស្ថិតនៅក្រោមក្លៀកខាងឆ្វេង ដូច្នេះជនរងគ្រោះមិនអាចចុចផ្ទុះស្លាប់ដោយខ្លួននោះទេ ។ ជុំវិញរឿង ឃើញប៊ិចចម្លែកយកមកចុចលេង ផ្ទុះចំដើមទ្រូងស្លាប់ គឺប៊ិចកាំភ្លើងច្នៃ។
ប្រភពបន្តថា សមត្ថកិច្ចបានស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបុរសម្នាក់ឈ្មោះសំ ស្នា អាយុ២៦ឆ្នាំ ជាកម្មករលើកគ្រឿងសំណង់ក្រុមហ៊ុនលក់ការ៉ូ SH ជាមួយជនរងគ្រោះដែរ ព្រោះដឹងថា កាលពីយប់ថ្ងៃកើតហេតុនោះ ពួកគេទាំង២នាក់បាននៅជាមួយគ្នា ។
បន្ទាប់ពីឃាត់ខ្លួនយកមកសាកសួរចុះឡើងៗតាមជំនាញរបស់សមត្ថកិច្ចនោះ ទើបត្រូវជនសង្ស័យខាងលើសារភាពថា ការពិតខ្លួនគ្មានចេតនាសម្លាប់ជនរងគ្រោះនោះទេ ព្រោះនៅយប់ថ្ងៃកើតហេតុនោះ ខ្លួននិងជនរងគ្រោះបានរើសប៊ិច១ដើមនៅជិតធុងសំរាម ដោយមិនដឹងថា ជាប៊ិចកែច្នៃកាំភ្លើងនោះទេ ដោយនាំគ្នាយកមកមើល ។
ហើយពេលនោះ ពួកគេទាំង២នាក់បានដណ្តើមប៊ិចគ្នាយកមកមើល ក៏ត្រូវចំគន្លឹះប៊ិច បណ្តាលឱ្យផ្ទុះចំជនរងគ្រោះដួលទៅលើដីបាត់ទៅហើយ ។ ពេលនោះខ្លួនបានជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃដែរ តែជាអកុសលជនរងគ្រោះពេលទៅដល់ពេទ្យបានដាច់ខ្យល់ស្លាប់ទៅហើយ ។

ប្រភព: kohsontepheap

